សូមស្វាគមន៍

សូមស្វាគមន៍មកកាន់សេចក្ដីជំនឿដ៏សកម្មមួយ ជាកន្លែងដែលសេចក្ដីពិត និងគោលការណ៍នានាដែលបានបង្រៀនដោយព្រះយេស៊ូវមានឥទ្ធិពលវិជ្ជមានផ្ទាល់មកលើរបៀបដែលយើងរស់នៅ របៀបដែលយើងចិញ្ចឹមក្រុមគ្រួសារយើង របៀបដែលយើងប្រព្រឹត្តដាក់គ្នា និងរបៀបដែលយើងដោះស្រាយទុក្ខលំបាក និងឧបសគ្គទាំងឡាយ ។  សូមមកធ្វើជាផ្នែកមួយនៃសហគមន៍របស់យើង គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

...
#ស្ដាប់ទ្រង់ បុណ្យអ៊ីស្ទើរនេះ,​ស្តាប់ទ្រង់-ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទគឺសម្រាប់អ្នក
1:27

ដោយសារទ្រង់

សារនៃក្តីសង្ឃឹម និងជ័យជំនះនៃបុណ្យអ៊ីស្ទើរ

ជំនឿដ៏សំខាន់

ព្រះគឺជាព្រះវរបិតាជាទីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌ ។ ទ្រង់មានផែនការនៃសុភមង្គលមួយសម្រាប់យើងម្នាក់ៗ ។ យើងនៅលើផែនដីនេះដើម្បីរស់នៅតាមសេចក្ដីជំនឿ ជួយមនុស្សដទៃ ហើយរៀនរីកចម្រើនឡើង ។ ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទឲ្យមកជួយយើង ( សូមមើល យ៉ូហាន ៣:១៦ ) ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលបានការអភ័យទោសពីអំពើបាបរបស់យើង រស់ឡើងវិញ និងរស់នៅជាមួយនឹងព្រះ ព្រមទាំងក្រុមគ្រួសាររបស់យើងម្ដងទៀត ។

យើងមិនឯកោទេ កាលយើងស្វែងរកពរជ័យទាំងនេះ ។ ព្រះវរបិតាសួគ៌របស់យើងសន្យាថានឹងឆ្លើយតបយើង នៅពេលយើងអធិស្ឋាន ។ ព្រះក៏ប្រទានដល់យើងនូវការណែនាំនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន និងតាមរយៈព្យាការីនៅរស់នាសព្វថ្ងៃនេះផងដែរ ។ យើងត្រូវព្យាយាមស្គាល់ និងធ្វើតាមព្រះទ័យរបស់ព្រះ ស្រឡាញ់មនុស្សដទៃ ហើយរស់នៅដោយសុចរិត ។ បេសកកម្មរបស់សាសនាចក្រគឺដើម្បីជួយយើងឲ្យប្រឈមនឹងឧបសគ្គនៃជីវិតនេះ ហើយជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងនឹងមានភាពស័ក្ដិសមចំពោះពរជ័យទាំងអស់ ដែលព្រះសព្វព្រះទ័យប្រទានដល់យើង ។

បងប្អូនគឺជាបុត្ររបស់ព្រះ ។ ដោយសារទ្រង់គង់នៅស្ថានសួគ៌ ជាញឹកញាប់យើងហៅព្រះថាជាព្រះវរបិតាសួគ៌របស់យើង ។ នៅក្នុងព្រះនេត្ររបស់ទ្រង់ យើងទាំងអស់មានភាពស្មើគ្នា ហើយស័ក្ដិសមទទួលបានសេចក្ដីស្រឡាញ់ និងសុភមង្គល ។ ដោយសារព្រះជ្រាបពីអ្វីៗទាំងអស់ ទ្រង់យល់ពីយើងម្នាក់ៗជាលក្ខណៈបុគ្គល ។ ទ្រង់ជ្រាបពីភាពខ្លាំង ភាពទន់ខ្សោយ សេចក្ដីសង្ឃឹម និងការភ័យខ្លាចរបស់យើង ។ ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងមានអំណត់ធន់ និងអភ័យទោស ។ មិនថាយើងជានរណា ឬថាយើងបានធ្វើអ្វីនោះទេ ព្រះសព្វព្រះទ័យឲ្យយើងឈោងរកទ្រង់ ដើម្បីទ្រង់អាចជួយយើងបាន ។ នៅពេលយើងងាកទៅរកទ្រង់ យើងនឹងដកពិសោធន៍នូវអំណរដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើង ។

ព្រះវរបិតាសួគ៌របស់យើងបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ឲ្យលើកដាក់លើព្រះអង្គទ្រង់នូវអំពើបាបរបស់មនុស្សគ្រប់គ្នា ដែលបានរស់នៅលើផែនដី ដើម្បីយើងអាចទទួលបានការអភ័យទោស ( សូមមើល យ៉ូហាន ៣:១៦ ) ។ ព្រះយេស៊ូវក៏បានយកឈ្នះលើសេចក្ដីស្លាប់ផងដែរ ដើម្បីយើងអាចរស់នៅម្ដងទៀត ។ ពលិកម្មរបស់ព្រះយេស៊ូវជំនួសឲ្យយើងអាចធ្វើទៅបាន ដោយសារតែទេវភាព និងព្រះជន្មដ៏ឥតខ្ចោះរបស់ទ្រង់ ។

កាលយើងឆ្លងកាត់ជីវិតនេះ យើងទាំងអស់គ្នានឹងធ្វើខុស ហើយធ្វើរឿងដែលយើងស្ដាយក្រោយ ។ ប៉ុន្ដែដរាបណាយើងព្យាយាមខំធ្វើឲ្យប្រសើរឡើង ហើយអធិស្ឋានទៅព្រះវរបិតាសួគ៌របស់យើងសូមការអភ័យទោស នោះយើងអាចបានស្អាតម្ដងទៀត ។ យើងទាំងអស់គ្នាជំពាក់គុណចំពោះសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។

គម្ពីរប៊ីបគឺជាព្រះបន្ទូលរបស់ព្រះ ។ វាគឺជាការចងក្រងគម្ពីរដ៏ពិសិដ្ឋជាច្រើន ដែលបានសរសេរដោយពួកព្យាការី និងអ្នកប្រវត្តិសាស្ដ្រពីបុរាណ ។ អ្នកនិពន្ធទាំងនេះបានកត់ត្រាទំនាក់ទំនងរវាងព្រះ និងរាស្ដ្ររបស់ទ្រង់អស់រយៈពេលជាង ៤០០០ ឆ្នាំហើយ ។ ពាក្យពេចន៍ដ៏បំផុសគំនិតរបស់ពួកលោកគឺជាអ្វីដែលយើងស្គាល់នាសព្វថ្ងៃនេះថាជា ព្រះគម្ពីរប៊ីបដ៏បរិសុទ្ធ ។

ការធ្វើតាមការបង្រៀនដែលមាននៅក្នុងព្រះគម្ពីរប៊ីប ជួយយើងឲ្យដឹងថាព្រះជានរណា រៀនពីមនុស្សល្អៗដែលស្រឡាញ់ទ្រង់ ហើយយល់កាន់តែច្បាស់ពីរបៀបដែលទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ ។

ព្រះគម្ពីរមរមនគឺជាកំណត់ត្រាបុរាណមួយ ដែលបង្រៀនអំពីព្រះយេស៊ូវ និងគូសបញ្ជាក់ពីការយាងរបស់ទ្រង់ទៅទ្វីបអាមេរិកពីបុរាណ ។ គឺដូចជាព្រះបានមានបន្ទូលទៅម៉ូសេ និងណូអេនៅក្នុងព្រះគម្ពីរប៊ីបដែរ ទ្រង់ក៏បានណែនាំព្យាការីរបស់ទ្រង់នៅដែនដីអាមេរិកឲ្យរក្សាកំណត់ត្រាមួយអំពីការបង្រៀន និងក្រឹត្យវិន័យរបស់ទ្រង់ ។ ពាក្យពេចន៍ក្នុងព្រះគម្ពីរមរមនបញ្ជាក់ពីព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវ ព្រមទាំងទង្វើរបស់ទ្រង់ក្នុងការសង្គ្រោះយើងពីអំពើបាប និងការយកឈ្នះលើសេចក្ដីស្លាប់ ។

បុរស ស្រ្ដី និងក្រុមគ្រួសារក្នុងព្រះគម្ពីរមរមនបានពុះពារនឹងឧបសគ្គក្នុងជីវិត គឺដូចជាយើងដែរ ។ យើងអាចឃើញខ្លួនយើងក្នុងដំណើររឿងរបស់ពួកគេ ហើយទទួលបានការបំផុសគំនិតឲ្យធ្វើកាន់តែប្រសើរឡើង និងជួយមនុស្សដទៃដូចជាព្រះយេស៊ូវបានធ្វើដែរ ។

ព្រះបានបញ្ជូនយើងមកកាន់ផែនដីឲ្យរៀន និងរីកចម្រើនឡើងតាមរយៈបទពិសោធន៍ ទាំងបទពិសោធន៍រីករាយ និងឈឺចាប់ ។ ទ្រង់អនុញ្ញាតឲ្យយើងជ្រើសរើសរវាងត្រូវ និងខុស ប៉ុន្ដែសន្យាប្រទានពរជ័យដ៏អស្ចារ្យដល់អស់អ្នកដែលធ្វើតាមទ្រង់ ។ ឧបសគ្គនោះគឺការមានសេចក្ដីជំនឿលើផែនការរបស់ទ្រង់ ទោះជាយើងមិនមានចម្លើយទាំងអស់ក្ដី ។

ដោយសារយើងទាំងអស់គ្នាធ្វើខុស នោះព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទមក ដើម្បីយើងអាចបានសម្អាត និងទទួលបានការអភ័យទោស ។ ព្រះយេស៊ូវធ្វើឲ្យយើងអាចត្រឡប់ទៅកាន់ផ្ទះវិញ ទៅរស់នៅជាមួយព្រះ ។ នៅពេលយើងទទួលយកព្រះយេស៊ូវ ហើយធ្វើតាមគំរូរបស់ទ្រង់ នោះយើងលែងមានភាពអាត្មានិយម ហើយអាចរីករាយនឹងសេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ និងសុភមង្គលដ៏អស្ចារ្យ ។

ក្រុមគ្រួសារគឺជាផ្នែកដ៏ធំមួយនៃផែនការរបស់ព្រះវរបិតាសួគ៌យើងសម្រាប់សុភមង្គលរបស់យើង ។ យើងបានកើតមកក្នុងគ្រួសារមួយ ។ យើងចង់បង្កើតទំនាក់ទំនងគ្រួសារដ៏រឹងមាំ ។ គេហដ្ឋានអាចជាកន្លែងមួយ ដែលយើងមានអារម្មណ៍គាំទ្រ សុវត្ថិភាព និងក្ដីស្រឡាញ់ ។ ព្រះមិនសព្វព្រះទ័យឲ្យចំណងគ្រួសារបញ្ចប់ នៅពេលយើងស្លាប់នោះទេ ។ ប្រសិនបើយើងជ្រើសរើសធ្វើតាមទ្រង់ នោះយើងអាចរួបរួមនឹងក្រុមគ្រួសាររបស់យើងម្ដងទៀតនៅក្នុងជីវិតបន្ទាប់ ។ រៀនពីរបៀបដែលការណ៍នេះអាចកើតមាន តាមរយៈការជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនា ។

យើងបានរស់នៅជាមួយព្រះ ពីមុនយើងបានមកកាន់ផែនដីនេះ ហើយដោយសារព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់ នោះយើងនឹងបន្ដរស់នៅ ក្រោយពីយើងស្លាប់ទៅ ។ ការស្លាប់គឺជាផ្នែកមួយនៃផែនការរបស់ព្រះ ។ ខណៈយើងទួញយំដល់មនុស្សជាទីស្រឡាញ់ ដែលយើងបានបាត់បង់ វាមានសេចក្ដីសង្ឃឹម—ការស្លាប់មិនមែនជាទីបញ្ចប់ឡើយ ។ ដើម្បីរៀនបន្ថែមទៀតអំពីអ្វីដែលនឹងកើតឡើង ក្រោយពីបងប្អូនស្លាប់ទៅ សូមជួបនឹងអ្នកផ្សព្វផ្សាយសាសនា ។

ComeUntoChrist.org Chat is typing...